LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុនៅតែរក្សាបានស្ថិរភាពល្អ

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុនៅតែរក្សាបានស្ថិរភាពល្អ

image

សៀមរាប ៖ ថ្ងៃទី២៤ ខែវិច្ឆិកានេះ សមាគមមីក្រូហិរញ្ញវត្ថុបានប្រារព្ធសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ដោយក្នុងនោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងអំពីស្ថិរភាពនៃវិស័យមួយនេះត្រឹមរយៈពេលត្រីមាសទី៣ នៃឆ្នាំ២០២៣នេះ។តាមរយៈសន្និសីទនេះ លោក សុខ វឿន បានឱ្យដឹងយ៉ាងដូច្នេះថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថិរភាពរបស់ខ្លួន តាមរយៈការផ្តល់នូវសេវាកម្ម​ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន។ 


លោកបន្តសង្កត់ធ្ងន់ថា៖

«គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ នេះ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យ​ឥណទានសរុបជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមាន​អតិថិជនឥណទានសរុប ជាង១,៥លាននាក់»។

ក្នុងនោះ សមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង២ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ជិត២លាននាក់។ ចំណែកការិយាល័យ​ប្រតិបត្តិ មានសរុបជាង៩០០ការិយាល័យ និងមានបុគ្គលិកដែលកំពុង​បម្រើការងារ​ក្នុងវិស័យជាង​២ម៉ឺននាក់ ដែលទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជា​សមាជិករបស់សមាគមនោះទេ។

បើទោះបីជាសមាគមមីក្រូហិរញ្ញវត្ថុអាចរក្សាបាននូវស្ថិរភាពរបស់ខ្លួនក៏ពិតមែន ប៉ុន្តែកន្លងមកនេះ សមាគមក៏ជួបប្រទះនឹងបញ្ហាជាច្រើនផងដែរ។

តាមរយៈការកត់សម្គាល់ឃើញបញ្ហាប្រឈមកន្លងមកនេះ ឯកឧត្តម គិត សុវណ្ណរិទ្ធ​ អគ្គនាយក​ត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានសំណូមពរឱ្យសមាគមមានការសាមគ្គីគ្នាក្នុងការការពារ​កេរ្តិ៍ឈ្មោះវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមិនប្រកាន់តែបញ្ហានោះបង្កឡើងដោយគ្រឹះស្ថានណា​មួយឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានទាំងអស់ឱ្យផ្ដល់សេវាជូនអតិថិជនប្រកបដោយទំនួលខុសត្រូវ ដោយប្រកាន់យកនូវអភិក្រមរបស់ខ្លួន។ ក្នុងនោះគ្រឹះស្ថានត្រូវផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងជំរុញកំណើនឥណទានដែលមានគុណភាព និងតម្លាភាព។

ចំណុចដែលសំខាន់បំផុតគឺគ្រឹះស្ថានផ្ដល់កម្ចីត្រូវគិតគូរទៅលើការបញ្ជ្រាបចំណេះដឹងដល់អតិថិជន ដើម្បីជាការជំរុញឱ្យអតិថិជនមានការទទួលខុសត្រូវផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការដោះ​ស្រាយ​​ពាក្យបណ្ដឹងផ្សេងៗ ឯកឧត្តមលើកទឹកចិត្តឱ្យភាគីគ្រឹះស្ថានប្រើប្រាស់វិធីសាស្ត្រឈ្នះៗ។

គួរបញ្ជាក់ថា សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ នេះ ធ្វើឡើងក្រោមប្រធានបទ បរិយាបន្ន ហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

សន្និសីទនេះផងដែរ មានការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធដូចជា ធនាគារជាតិនៃកម្ពុជា ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី​ ធនាគារវីង អង្គការ ADA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អិលអូអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ ខេប៊ីប្រាសាក់ ក្រុមហ៊ុនមរកត ក្រុមហ៊ុនវីសា ធនាគារ អ៊ូរី ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ ក្រុមហ៊ុន V-CONNECT ក្រុមហ៊ុនហាយហ្វាយព្រីនធីង៕