ចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូច (Small vacations) ដែលបានមកពីអរិយធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្តខ្មែរ-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។
រណ្ដាប់ទទួលទេវតា
យោងតាមក្បួននៃព្រះរាជពិធីសង្ក្រាន្តចូលឆ្នាំថ្មី ដែលមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស ភាគទី១ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ចេញផ្សាយដោយ ពុទ្ធសនបណ្ឌិត្យកម្ពុជា ឆ្នាំ ១៩៥២ បានរៀបរាប់ពីរឿងពលីការ នៃរណ្ដាប់ទទួលទេវតាដូចតទៅ៖ មានរានទេវតា៧ថ្នាក់មួយ សម្រាប់តាំងគ្រឿងដង្វាយ និងមានភ្លេងពិណពាទ្យ ១វង់ សម្រាប់លេងទទួល ។ គេត្រូវក្រាលកំរាលតុតាមពណ៌មង្គល របស់ទេវតាដែលយាងមក និង មានក្រាលសំពត់ស សម្រាប់ថ្វាយបង្គំទទួលទេវតាផងដែរ ។ គ្រឿងពលីការ មានកូនចេកកន្ទុយប្រើស១ ផ្ទិលមាស១ ឬ ផ្ទិលប្រាក់១ សម្រាប់ទេវតាលោកប្រោះព្រំ បាយសីធំ ១គូ ស្លាធម៌ ១គូ ទឹកអប់ ១គូ ទៀន ៥ ធូប ៥ ១គូ លាជ ៥កែវ ផ្កា ៥កែវ ស្លាបារីដាក់ជើងពាន ១គូ ចេកនួន ឬចេកណាំវ៉ា ១គូ ពែព្រះភូមិ១ ពែព្រះកេតុ១ មានផ្លែឈើ នំចំនី និង ភេសជ្ជៈ ផងដែរ ។ រីឯព្រះដង្វាយដែលចាំបាច់បំផុតនោះ គឺ ព្រះដង្វាយតាម ភក្សាហារ របស់ទេវតា ដែលកំណត់ដោយព្រាហ្មណ៍បាគូ ។